ក្រសួងស្បៀងអាហារបង់ក្លាដែស បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធថា ប្រទេសនេះនឹងនាំចូលអង្ករស ២៥០ ០០០ តោនក្នុងតម្លៃ ៤៥៣ ដុល្លារក្នុងមួយតោនពីកម្ពុជា ប៉ុន្តែនៅតែកំពុងរង់ចាំការយល់ព្រមពីភាគីកម្ពុជា។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា កម្ពុជាមិនមានចុះកិច្ចព្រមព្រៀងតម្លៃណាមួយនៅឡើយទេ ហើយរំពឹងថានឹងធ្វើនៅពាក់កណ្ដាលខែកញ្ញា។
លោកបន្តថា តម្លៃបានផ្ដល់ដោយប្រទេសបង់ក្លាដែសគឺនៅកំពង់ផែ។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងបានយល់ព្រមលើចំនួន ប៉ុន្តែយើងមិនបានយល់ព្រមលើតម្លៃនៅឡើយទេ យើងនឹងផ្អែកលើតម្លៃទីផ្សារអន្តរជាតិ ក្រុមហ៊ុន ហ្គ្រីន ត្រេដនឹងរាប់រងលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃនៅពាក់កណ្ដាលខែក្រោយ»។
រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលប្រទេសបង់ក្លាដែស ដើម្បីនាំចេញអង្ករសបាក់ ១០ ភាគរយចំនួន ២៥ ម៉ឺនតោន ទៅប្រទេសបង់ក្លាដែស ក្នុងចំណោម ១ លានតោនក្នុងរយៈពេល៥ឆ្នាំដែលប្រទេសទាំងពីរបានចុះ MoU នឹងគ្នា។
លោកបន្តថា៖ «យើងពិបាកនិយាយថា តើតម្លៃដែលផ្តល់ដោយបង់ក្លាដែសអាចទទួលយកបាន ឬអាចចំណេញណាស់ ដោយសារតែយើងមិនទាន់បានគណនាតម្លៃដឹកជញ្ជូននៅឡើយទេ»។
លោក គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរ ហ្វូត ឲ្យដឹងថា នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជនកំពុងរង់ចាំទទួលព័ត៌មានពី ហ្គ្រីនត្រេដ។
លោកថ្លែងថា៖ «ពេលនេះខ្ញុំកំពុងរង់ចាំមើលថាតើរដ្ឋាភិបាលយើងនឹងទទួលយកកិច្ចព្រមព្រៀងជាមួយតម្លៃ និងពេលវេលាសម្រាប់ការចែកចាយដោយរបៀបណា»។
លោកបន្តថា៖ «យើងជាវិស័យឯកជន គ្រាន់តែរង់ចាំមើលតម្លៃដឹកដល់កំពង់ផែ ដែលរដ្ឋាភិបាលនឹងផ្ដល់ឲ្យពួកយើង»។
ទីផ្សារបច្ចុប្បន្ន អង្ករសបាក់ ១០ ភាគរយ មានតម្លៃ ៤១០ ដុល្លារក្នុងមួយតោន ហើយអង្ករបាក់៥ភាគរយមានតម្លៃ ៤១៥ ដុល្លារក្នុងមួយតោន។ លោកបានថ្លែងថា ការផ្តល់ដោយប្រទេសបង់ក្លាដែសនេះគឺតម្លៃទិសដៅចុងក្រោយ។
តាមកិច្ចព្រមព្រៀង កម្ពុជានឹងនាំចេញលើកដំបូងចាប់ពីខែតុលាចុងឆ្នាំនេះ ប៉ុន្តែលោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឲ្យដឹងថាពេលវេលាមិនទាន់ជាក់លាក់នៅឡើយទេ។
លោកស្រីថ្លែងថា៖ «ពេលវេលាមិនទាន់ត្រូវបានកំណត់នោះទេ វាអាស្រ័យលើខាងបង់ក្លាដែស»៕