ថៃ​ គ្រោង​ដាក់​ការ​គ្រប់គ្រង​លើ​តម្លៃ​ម្សៅមី

·   0

ក្រុងបាងកកៈ ក្រុម​មន្ត្រី​ឧស្សាហកម្ម​នៅ​ប្រទេស​ថៃ​បាន​​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន​នាំ​ចេញ​ម្សៅមី​ថៃ​បាន​​ព្រមព្រៀង​បញ្ចប់​ការ​ទម្លាក់​ថៃ​ដើម្បី​ទប់ស្កាត់​ការ​ខាតបង់​ដែល​បាន​កើតឡើង​ចំពោះ​កសិករ​ក្នុង​ស្រុក​។
លោក Boonchai Srichaiyongpanich ប្រធាន​សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​បាន​មាន​ប្រសាសន៍​ថា​សមាជិក​ទីភ្នាក់ងារ​នាំ​ចេញ​ម្សៅមី​បាន​ព្រមព្រៀង​សហការ​គ្នា​បញ្ចប់​ការ​ទម្លាក់​តម្លៃ​ឲ្យ​ក្រុមហ៊ុន​នាំ​​ចូល​ដែល​ភាគច្រើន​ក្រុមហ៊ុន​របស់​ចិន ក្នុង​គោលបំណង​ទប់ស្កាត់​តម្លៃ​ក្នុង​ស្រុក​មិន​ឲ្យ​ធ្លាក់​ចុះ​ជា​បន្ត​។
សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​សមាគម​រោងចក្រ​ផលិត​ម្សៅមី​ថៃ​ និង​សមាគម​ម្សៅមី​ភាគ​ឦសាន​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ​មួយ​ស្តី​អំពី​បញ្ហា​នេះ​។
លោក Boonchai មាន​ប្រសាសន៍​ថា​អនុស្សរណៈ​យោគយល់​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​សប្តាហ៍​នេះ​ដោយ​មាន​ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​ជា​សាក្សី​។
លោក​មាន​ប្រសាសន៍​ថា​៖ «​បន្ទាប់ពី​អនុស្សរណៈ​យោគយល់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ហើយ​នោះ​សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​នឹង​ចេញ​តម្លៃ​នាំ​ចេញ​ម្សៅមី​គោល​មួយ​ធ្វើ​ជា​គោលការណ៍​ណែនាំ​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​រៀងរាល់​ពីរ​ខែ​ម្តង​»​។
បច្ចុប្បន្ន​ម្សៅមី​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​​ ១,៩០ ​បាត​ក្នុង​មួយ​គីឡូក្រាម​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​ដែល​មាន​រោងចក្រ​ធំៗ និង​ការ​ចំណាយ​ថ្លៃ​ដើម​ទាប​បាន​លក់​ម្សៅមី​ក្នុង​តម្លៃ​ ១,៣០ ​បាត​ក្នុង​មួយ​គីឡូក្រាម ដោយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នាំ​ចេញ និង​កសិករ​ថៃ​ជាច្រើន​។
លោក Boonchai បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​រំពឹង​ថា​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បញ្ចប់​ការ​ធ្លាក់​ថ្លៃ​ដែល​កំពុង​ធ្លាក់​ចុះ​ដោយសារ​សម្ពាធ​ពី​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​»​។
លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​សមាគម​នឹង​ពិនិត្យ​តាមដាន​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ក្រុមហ៊ុន​នាំ​ចេញ​ដែល​រំលោភ​គោលការណ៍​ណែនាំ​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​ព្រមាន​ហើយ​អាច​ប្រឈម​នឹង​ការ​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​ម្សៅមី​របស់​ថៃ​ទៀត​ផង​។
សមាគម​ទាំង​នេះ​ក៏​បាន​ស្នើសុំ​ឲ្យ​មាន​ការ​អង្កេត​ឲ្យ​កាន់តែ​តឹងរ៉ឹង​ថែម​ទៀត​នៅ​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រត់ពន្ធ​ម្សៅមី​ចេញ​ពី​ប្រទេស​ជិត​ខាង​។ ការ​រត់​ពន្ធ​ខុស​ច្បាប់​នេះ​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ផ្គត់ផ្គង់​ដែល​នឹង​ធ្វើឲ្យ​តម្លៃ​ជួប​​បញ្ហា​ធ្លាក់​ចុះ​។
ប្រទេស​ថៃ​ផលិត​ដំឡូងមី​ចំនួន​ពី​ ៣០ ទៅ​ ៣២ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ ​ដំឡូងមី​ភាគច្រើន​ត្រូវ​បាន​ផលិត​ចេញ​ជា​ម្សៅមី ចំណិត​ដំឡូងមី និង​ផលិតផល​ផ្សេង​ទៀត​សម្រាប់​នាំ​ចេញ​។ បច្ចុប្បន្ន​ការ​នាំ​ចេញ​មាន​ទំហំ​សរុប​ពី​ ៥ ​ទៅ​ ៧ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​គិត​ជា​សាច់ប្រាក់​មាន​ចំនួន​ ១០០ ​ទៅ​ ១២០ ​លាន​បាត​។
លោក Boonchai មាន​ប្រសាសន៍​ថា​ការ​នាំ​ចេញ​ម្សៅមី​ថៃ​អាច​នឹង​កើនឡើង​ ១០ ​ភាគរយ​ក្នុង​ឆ្នាំ​នេះ​ដល់​ ៦,៥ ​លាន​តោន​៕

Subscribe to this Blog via Email :