មន្ដ្រីរដ្ឋាភិបាលបានឲ្យដឹងថា ទោះបីជាកម្ចីដែលបានផ្តល់កាលពីឆ្នាំទៅមានចំនួនតិចតួចក៏ដោយ ក៏ពួកគេរំពឹងថា តម្រូវការកម្ចីនៅឆ្នាំនេះនឹងកាន់តែធំ ខណៈប្រទេសកម្ពុជាសង្ឃឹមថា នឹងនាំចេញអង្ករកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។
លោកកៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ការចាក់បញ្ចូលសាច់ប្រាក់ថ្មីនេះគឺសម្រាប់ការពារការខ្វះខាតថវិកាណាមួយនៅក្នុងរដូវប្រមូលផលខាងមុខ។
លោកបានថ្លែងថា៖ «ថ្មីៗនេះរដ្ឋាភិបាលបានអនុម័តទឹកប្រាក់២៣លានដុល្លារបន្ថែមទៀតដើម្បីបន្ថែមលើកញ្ចប់២៧លានដុល្លារសម្រាប់ជួយឧស្សាហកម្មស្រូវអង្ករ។ ថវិកាថ្មីនេះគឺសម្រាប់ការពារក្នុងករណីមិនគ្រប់គ្រាន់សម្រាប់រដូវប្រមូលផលបន្ទាប់»។
កាលពីសប្ដាហ៍មុនប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីនាំចេញអង្ករ១លានតោនទៅប្រទេសបង់ក្លាដែសក្នុងរយៈពេល ៥ ឆ្នាំ ហើយការនាំចេញលើកដំបូងចំនួន២៥០ ០០០តោននឹងត្រូវចាប់ផ្ដើមនៅខែតុលាឆ្នាំនេះ។
លោកលើកឡើងថា៖ «ទោះបីកាលពីលើកមុនប្រើប្រាស់អស់តែ៣,៥លានដុល្លារក៏ដោយ ក៏វិស័យឯកជននៅតែបញ្ជាក់ថា ចំនួននេះមិនគ្រប់គ្រាន់សម្រាប់រដូវបន្ទាប់នេះទេ ហើយតម្រូវការនឹងកាន់តែខ្ពស់ជាងរដូវមុន»។
លោក ថាច ឲ្យដឹងថា រហូតមកដល់ពេលនេះកញ្ចប់កម្ចីថ្មីសម្រាប់ទិញស្រូវមិនត្រូវបានប្រើប្រាស់នៅឡើយទេ ហើយរំពឹងថា តម្រូវការនឹងចាប់ផ្ដើមនៅចុងខែសីហា។
លោកបានបញ្ជាក់ថា៖ «អត្រាការប្រាក់គឺទាបជាងពីមុនមានតែ ៥ ភាគរយ ប៉ុណ្ណោះនៃអត្រាការប្រាក់ប្រចាំឆ្នាំក្នុងលក្ខខណ្ឌដូចគ្នាពីមុន ដោយផ្អែកលើស្រូវក្នុងស្ដុកជាវត្ថុបញ្ចាំ»។
លោក តាំង ឈុងងី ប្រធានបច្ចេកទេសនិងទីផ្សារ LBN Angkar (Kampuchea) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ពូជស្រូវបានឲ្យដឹងថា មូលហេតុដែលការប្រើប្រាស់កម្ចីកាលពីឆ្នាំទៅមានកម្រិតទាប ដោយសារលក្ខខណ្ឌមិនទូលំទូលាយ។
លោកថ្លែងថា៖ «លក្ខខណ្ឌសម្រាប់ការដាក់ពាក្យសុំកម្ចីបានតែជាមួយរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញធំៗតែប៉ុណ្ណោះ សម្រាប់អ្នកដែលមានដើមទុនបន្តិចបន្តួចមិនអាចទទួលបានកម្ចីនេះទេ»។
លោក ភូ ពុយ ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា និងជាអគ្គនាយកធនាគារស្រូវបានបញ្ជាក់ថា ការទទួលកម្ចីមានកម្រិតទាប វាពាក់ព័ន្ធនឹងចង្វាក់នៃការផលិតអង្ករនៅក្នុងឧស្សាហកម្មស្រូវអង្ករទាំងមូល។
លោកបន្តថា ឧស្សាហកម្មស្រូវអង្ករមិនគ្រាន់តែប្រឈមនឹងកង្វះហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងសមត្ថភាពម៉ាស៊ីនសម្ងួត ឃ្លាំងស្ដុក និងទីផ្សារផងដែរ។ ប៉ុន្តែលោកមានសុទិដ្ឋិនិយមរោង ម៉ាស៊ីនកិនស្រូវនឹងរៀបចំដំណើរការប្រសើរឡើងវិញ ដើម្បីទទួលបានកម្ចីសម្រាប់រដូវនៅពេលខាងមុខនេះ។
លោកថ្លែងថា៖ «រដ្ឋាភិបាលបានសិក្សាតម្រូវការទីផ្សារ និងការរៀបចំល្អសម្រាប់រដូវខាងមុខបន្ទាប់ យើងជាវិស័យឯកជន កំពុងរៀបចំឲ្យបានល្អនៅពេលនេះ ហើយរោងម៉ាស៊ីនកិនស្រូវក៏ត្រៀមខ្លួនជាស្រេចក្នុងការដាក់ពាក្យសុំកម្ចីផងដែរ វានឹងស្ថិតក្នុងតម្រូវការខ្ពស់នៅចុងឆ្នាំនេះ ដោយសារតែវាជារដូវប្រមូលផលដ៏ធំ»។
ទឹកប្រាក់នេះក៏នឹងត្រូវប្រើប្រាស់សម្រាប់ដំណាំពោតផងដែរដែលនៅពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់កម្ចីលើកដំបូងដល់ក្រុមហ៊ុនទិញពោត២០ម៉ឺនដុល្លាររួចហើយ ដោយក្រុមហ៊ុនបានដាក់តម្កល់ពោតក្នុងស្តុកជាវត្ថុបញ្ចាំចំនួន ១ ៥០០ តោន។
ទោះបីយ៉ាងនេះក្តី RDB មិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនដែលទទួលបានកម្ចីនេះទេ៕