McDonald's ឈប់​ប្រើ​សាច់​មាន់​មាន​អង់ទីប្យូទិច

·   0

ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន​លក់​អាហារ​ទាន់​ចិត្ត McDonald's បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​គោរព​តាម​ច្បាប់​របស់​ប្រទេស​ចិន ហើយ​បញ្ឈប់​ការ​ប្រើប្រាស់​សាច់​មាន់​ដែល​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច បើ​ទោះ​ជា​ប្រទេស​ចិន​មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដំបូង​ដែល​ក្រុមហ៊ុន​លក់​អាហារ​ទាន់​ចិត្ត​នេះ​ត្រូវ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច​នៅ​ក្នុង​សាច់មាន់​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៨ ​ក៏ដោយ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន thepaper.cn កាលពី​ថ្ងៃ​ទី​ ២៤ ខែ​សីហា​។
នាពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ផលិត​អាហារ​ទាន់​ចិត្ត​របស់​អាមេរិក​នេះ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​បញ្ឈប់​ការ​ប្រើប្រាស់​សាច់មាន់​ដែល​មាន​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច​នៅ​ក្នុង​ប្រទេស​​ប្រេស៊ីល កាណាដា ជប៉ុន កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នៅ​ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ និង​នៅ​តាម​ទីផ្សារ​ផ្សេង​ទៀត​នៅ​ឆ្នាំ​ ២០២៧​។
ដោយសារ​ប្រទេស​ចិន​នៅ​មិន​ទាន់​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដំបូង​គេ​ដែល​ត្រូវ​អនុវត្ត​ការ​សម្រេច​នេះ ក្រុមហ៊ុន​ភោជនីយដ្ឋាន McDonald's បាន​រៀបរាប់​ថា​ការ​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច​បាន​ត្រឹមត្រូវ​គឺជា​កត្តា​ចាំបាច់​ហើយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​មាន់​ឲ្យ​ក្រុមហ៊ុន McDonald's នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ពេទ្យ​សត្វ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច​ដោយ​គោរព​តាម​ច្បាប់​ដែល​ពាក់ព័ន្ធ និង​បទប្បញ្ញត្តិ​នៅ​ប្រទេស​ចិន​។
ក្រុមហ៊ុន​ផលិត​អាហារ​ទាន់​ចិត្ត​នេះ​បាន​សន្យា​ថា​សាច់​មាន់​ទាំង​អស់​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​ក្រុមហ៊ុន​នេះ​នៅ​ប្រទេស​ចិន​នឹង​ត្រូវ​បាន​តម្រូវ​ឲ្យ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​។
លោក Zhu Yi សាស្ត្រចារ្យរង​ប្រចាំ​សាកល​វិទ្យាល័យ​កសិកម្ម​ចិន​បាន​ឲ្យ​ដឹង​ថា​ការ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច​សំដៅ​លើ​ថ្នាំ​អង់ទីប្យូទិច​របស់​មនុស្ស​ដែល​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ខ្លាំង​មិន​ឲ្យ​ប្រើប្រាស់ ធ្វើ​ជា​អាហារ​បំប៉ន​ចំណី​សត្វ ដើម្បី​ជំរុញ​ការ​លូតលាស់​ពី​សំណាក់​សហភាព​អឺរ៉ុប​នៅ​ដើម​ឆ្នាំ​ ២០០៦ ហើយ​មាន​តែ​ថ្នាំ​អង់ទីប្យូទិច​ដែល​ទទួល​បាន​ការ​អនុញ្ញាត​តែ​ប៉ុណ្ណោះ​អាច​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​តែ​ការ​ព្យាបាល​ជំងឺ​សត្វ​មាន់​។
សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​វា​ពិបាក​ហាមឃាត់​ការ​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច​នេះ​ឲ្យ​បាន​ទូលំទូលាយ​ណាស់​នៅ​ប្រទេស​ចិន​ដោយសារ​ថ្នាំ​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​នេះ​ហើយ​មាន​តម្លៃ​ថោក​ក្នុង​ការ​ប្រើប្រាស់​។ ជាង​នេះ​ទៀត​ក្រុមហ៊ុន​បង្កាត់​ពូជ​សត្វ និង​ចិញ្ចឹម​សត្វ​នៅ​ប្រទេស​ចិន ខ្វះ​ការ​យល់​ដឹង​ពី​ហានិភ័យ​ផ្នែក​សុខភាព​នៃ​ការ​ប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច​។
ស្ថិតិ​បាន​បង្ហាញ​ថា​ថ្នាំ​អង់ទីប្យូទិច​ជាង​ ៧០ ​ភាគរយ​ត្រូវ​បាន​លក់​សម្រាប់​ការ​ប្រើប្រាស់​ជាមួយ​សត្វ​នៅ​សហរដ្ឋ​អាមេរិក​ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​ការ​ប្រើប្រាស់​ថ្នាំ​នេះ​ជា​ប្រចាំ​ដើម្បី​ជំរុញ​ដល់​ការ​លូតលាស់​របស់​សត្វ និង​ការពារ​ជំងឺ​ផ្សេងៗ​នឹង​បង្ក​ឲ្យ​មាន​សត្វ​ល្អិត​ និង​មេរោគ​កាន់តែ​ច្រើន​ដែល​នឹង​សម្លាប់​សត្វ​យ៉ាង​ហោច​ណាស់​ចំនួន ២៣ ០០០ ​ក្បាល​នៅ​ក្នុង​ប្រទេស​នេះ​រៀងរាល់​ឆ្នាំ​៕

Subscribe to this Blog via Email :