កសិករ ម្រេច​កំពត​ប្រឈម​នឹង​បញ្ហា​ទីផ្សារ

·   0

កំពតៈ កសិករ​ដាំ​ម្រេច GI កំពត ដែលមាន​ដើមទុន​តិចតួច​កំពុង​ប្រឈម​នឹង​ការលក់​ចេញ ខណៈ​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្រាប់​នាំចេញ ក៏បាន​ពង្រីក​ការ​វិនិយោគ​លើ​ការដាំដុះ​ម្រេច​ផ្ទាល់ខ្លួន​ផងដែរ​ដោយបាន​កាត់​បន្ថយ​ការទិញ​ពី​កសិករ​។ នេះ​បើ​យោងតាម​អ្នករកស៊ី​នៅក្នុង​ឧស្សាហ​កម្មនេះ ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​។
លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត (KPPA) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នេះ​គឺជា​បញ្ហា​ប្រឈម​ផ្សេងទៀត​នៅក្នុង​វិស័យ​នេះ ខណៈ KPPA កំពុង​ជម្នះ​នឹង​ផលិតផល​ក្លែងក្លាយ​នៅលើ​ទីផ្សារ​។
លោក​ថ្លែងថា មក​ដល់​ពេល​នេះ ម្រេច​បាន​សល់​នៅក្នុង​ស្ដុក​ប្រហែល ​៣០​ តោន ជា​លើក​ដំបូង​ហើយ​ក្នុង​ឧស្សាហ​កម្មនេះ​។
​លោក​លើក​ឡើង​ថា​៖ «​វា​ជា​លើក​ដំបូង​ដែល​គ្រាប់​ម្រេច​របស់​យើង​នៅសល់​នៅ​ក្នុង​ស្ដុក ជាធម្មតា​ស្ដុក​របស់​យើង​អស់​ហើយ​នៅ​អំឡុង​ពេល​នេះ វា​មិនមែន​ជា​បញ្ហា​ដោយ​សារ​តម្រូវការ​ទីផ្សារ ឬ​ការ​ចំណាយ​របស់​វា​នោះទេ​»​។
លោក​បន្ថែម​ថា នេះ​ដោយ​សារ​តែ​អ្នកទិញ​មាន​ម្រេច​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​កាត់​បន្ថយ​ការទិញ​ពី​កសិករ​។
លោក​ថ្លែងថា​៖ «​វា​ជា​បញ្ហា​មួយ​សម្រាប់​សមាគម នៅ​ពេល​ក្រុមហ៊ុន​វេច​ខ្ចប់​ក្នុងស្រុក​របស់​យើង ​[​អ្នកទិញ​] គិត​អំពី​ផលិតផល​គេ​ជា​មុន​នោះ​»​។
យោង​តាម​លោក ងួន ឡាយ KPPA លក់​ម្រេច​បាន ​៤៥​ តោន​ប៉ុណ្ណោះ​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំនេះ ក្នុង​ចំណោម​ម្រេច​មានគុណ​ភាព​ខ្ពស់​ ៨០ ​តោន​។
លោក​ឡាយ បញ្ជាក់​ថា តម្លៃ​ម្រេច​នៅតែ​រក្សា​ក្នុង​តម្លៃ​ ១៥​ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ម្រេចខ្មៅ ២៥​ដុល្លារ​សម្រាប់​ម្រេច​ក្រហម និង​ ២៨​ ដុល្លារ សម្រាប់​ម្រេចស​។
លោក​បន្ត​ថា ម្រេច GI កំពត រកបាន​ប្រាក់​ចំណូល​ប្រហែល​ ១​ លាន​ដុល្លារ​ប្រចាំឆ្នាំ​។ បច្ចុប្បន្ន​ សមាជិក​រប​ស់ KPPA បាន​កើន​ឡើង​ដល់​ ៣៨៧ ​គ្រួសារ ហើយ​ធ្វើ​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​វេច​ខ្ចប់​ក្នុងស្រុក​ចំនួន​ ២១ សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។
ការ​ដាំដុះ​ម្រេច​កំពត​របស់​សមាជិក KPPA សរុប​បាន​កើន​ឡើង​ដល់ ២១០,៤ ​ហិកតា ក្នុង​ចំណោម​នោះ​ផ្ទៃដី​ ១០០ ​ហិកតា ​ត្រូវបាន​ត្រៀម​រួច​រាល់​ក្នុង​ការ​ប្រមូល​ផល​។
ប៉ុន្តែ ខណៈ​ម្រេច​កំពត​ដែល​ទទួល​បាន​ឋានៈ GI ពេញ​និយម ហើយ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​នៅក្នុង​ទីផ្សារ​អន្តរជាតិ លោក ឡាយ ឲ្យ​ដឹង​ថា ចង្វាក់​ផ្គត់ផ្គង់​នៅ​តែ​កើន​ឡើង​ខ្លាំង ខណៈ KPPA កំពុង​ស្វែងរក​ដៃគូ​បញ្ជា​ទិញ​ថ្មី​។
លោក​ថ្លែង​ថា​៖ «​នៅ​ពេល​នេះ​ទើប​យើង​ដឹងថា នេះ​ជា​ចំណុច​ខ្សោយ​របស់​យើង នៅ​ពេល​នេះ​យើង​កំពុង​ស្វែងរក​ដៃគូ​ថ្មី​សម្រាប់​ការ​វេច​ខ្ចប់ និង​ការ​នាំ​ចេញ​»​។
កសិករ ប៉ិត សំអឿន ដែល​បាន​ដាំ​ដុះ​ម្រេច​អស់​រយៈពេល ​២០ ​ឆ្នាំ លើ​ផ្ទៃដី​កន្លះ​ហិកតា​បាន​ឲ្យ​ដឹងថា នេះ​គឺជា​ឆ្នាំ​ដំបូង​ដែល​លោក​ប្រឈម​នឹង​បញ្ហា​លក់​ចេញ​។
លោក​ថ្លែង​ថា​៖ «​ជាធម្មតា ខ្ញុំ​បញ្ចប់​ការលក់​ម្រេច​របស់ខ្ញុំ​ទាំង​អស់​បន្ទាប់ពី​ការ​ប្រមូល​ផល​ប្រហែល​ជា​នៅ​ខែមិថុនា នេះ​គឺជា​លើក​ដំបូង​ដែល​ម្រេច​របស់​ខ្ញុំ​លក់​មិន​ចេញ​»​។
លោក​បន្តថា​៖«​ខ្ញុំ​កំពុង​បារម្ភ​អំពី​ប្រាក់ចំណូល​របស់​គ្រួសារ​ខ្ញុំ ប្រសិន​បើ​សមាគម​មិន​អាច​ស្វែងរក​ដៃគូ​ថ្មី​បាន​»​។ លោក ប៉ិត សំអឿន ប្រមូល​ម្រេច​បាន​ប្រហែល​ ៧០០​ គីឡូក្រាម​នៅ​ឆ្នាំ​នេះ​។
លោក ហ៊ឹម ពិសិដ្ឋ នាយក​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុន ខនហ្វីរេល ជា​ក្រុមហ៊ុន​ដៃគូ​ដ៏​ធំ​មួយ​ជាមួយ KPPA បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នៅ​តែ​រក្សា​ការទិញ​ពី​កសិករ ប៉ុន្តែ​គ្រាន់តែ​ក្នុង​បរិមាណ​មិន​ច្រើន​ដូច​មុន​។
លោក​ថ្លែងថា​៖«​យើង​ដឹងថា KPPA កំពុង​អន់​ចិត្ត​ជាមួយ​យើង ប៉ុន្តែ​ក្នុង​នាម​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម យើង​ចាំបាច់​ត្រូវ​គិត​អំពី​ប្រាក់​ចំណេញ​ជាមុន ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា យើង​បញ្ឈប់​ការ​ទិញ​ពី​ពួក​គេ​នោះ​ទេ​»​។
​លោក​បន្ត​ថា​៖ «​ទោះបីជា KPPA កំពុង​ស្វែងរក​ដៃគូ​ថ្មី វា​នឹង​មិន​ប៉ះពាល់​ដល់​ពួកយើង​ទេ ដោយសារ​យើង​កំពុង​រៀបចំ​ចង្វាក់​ផលិតកម្ម​របស់​យើង​ឲ្យ​រួចរាល់​ហើយ ហើយ​ពួកគេ​គួរតែរៀបចំ​ឲ្យ​បានល្អ​សម្រាប់​ចង្វាក់​ផ្គត់ផ្គង់​និង​ចាត់​វិធានការ​ឲ្យ​បាន​ទាន់​ពេល​វេលា​»​។
លោក​ស្រី សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​មិន​អាច​ជ្រៀត​ជ្រែក​ជាមួយ​ក្រុមហ៊ុន​ឯកជន​បាន​ទេ ដោយសារ​វា​ជាទី​ផ្សារ​សេរី ព្រោះ​ក្រសួង​បាន​ជួយ​រួច​ហើយ​ក្នុងការ​បង្កើត​ទីផ្សារ និង​កេរ្ដិ៍​ឈ្មោះ ដូច្នេះ​សមាគម​គួរតែ​វៃឆ្លាត​ក្នុងការ​ជ្រើសរើស​ដៃគូ​ត្រឹមត្រូវ​ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​ពួក​គេ​។
លោកស្រី​ថ្លែងថា​៖ «​ម្រេច​កំពត​ល្បីឈ្មោះ​រួចហើយ​នៅ​លើ​ទីផ្សារ វា​មិន​ពិបាក​ក្នុងការ​ស្វែងរក​ដៃគូ​ថ្មី​នោះទេ សមាគម​គួរតែ​វៃឆ្លាត​ក្នុង​រៀបចំ​យុទ្ធសាស្ដ្រ​ការពារ​អត្ថ​ប្រយោជន៍​ទាំង​មូល​»៕

Subscribe to this Blog via Email :