Featured Articles
All Stories

ថៃ​ គ្រោង​ដាក់​ការ​គ្រប់គ្រង​លើ​តម្លៃ​ម្សៅមី

ក្រុងបាងកកៈ ក្រុម​មន្ត្រី​ឧស្សាហកម្ម​នៅ​ប្រទេស​ថៃ​បាន​​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន​នាំ​ចេញ​ម្សៅមី​ថៃ​បាន​​ព្រមព្រៀង​បញ្ចប់​ការ​ទម្លាក់​ថៃ​ដើម្បី​ទប់ស្កាត់​ការ​ខាតបង់​ដែល​បាន​កើតឡើង​ចំពោះ​កសិករ​ក្នុង​ស្រុក​។
លោក Boonchai Srichaiyongpanich ប្រធាន​សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​បាន​មាន​ប្រសាសន៍​ថា​សមាជិក​ទីភ្នាក់ងារ​នាំ​ចេញ​ម្សៅមី​បាន​ព្រមព្រៀង​សហការ​គ្នា​បញ្ចប់​ការ​ទម្លាក់​តម្លៃ​ឲ្យ​ក្រុមហ៊ុន​នាំ​​ចូល​ដែល​ភាគច្រើន​ក្រុមហ៊ុន​របស់​ចិន ក្នុង​គោលបំណង​ទប់ស្កាត់​តម្លៃ​ក្នុង​ស្រុក​មិន​ឲ្យ​ធ្លាក់​ចុះ​ជា​បន្ត​។
សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​សមាគម​រោងចក្រ​ផលិត​ម្សៅមី​ថៃ​ និង​សមាគម​ម្សៅមី​ភាគ​ឦសាន​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ​មួយ​ស្តី​អំពី​បញ្ហា​នេះ​។
លោក Boonchai មាន​ប្រសាសន៍​ថា​អនុស្សរណៈ​យោគយល់​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​សប្តាហ៍​នេះ​ដោយ​មាន​ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​ជា​សាក្សី​។
លោក​មាន​ប្រសាសន៍​ថា​៖ «​បន្ទាប់ពី​អនុស្សរណៈ​យោគយល់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ហើយ​នោះ​សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​នឹង​ចេញ​តម្លៃ​នាំ​ចេញ​ម្សៅមី​គោល​មួយ​ធ្វើ​ជា​គោលការណ៍​ណែនាំ​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​រៀងរាល់​ពីរ​ខែ​ម្តង​»​។
បច្ចុប្បន្ន​ម្សៅមី​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​​ ១,៩០ ​បាត​ក្នុង​មួយ​គីឡូក្រាម​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​ដែល​មាន​រោងចក្រ​ធំៗ និង​ការ​ចំណាយ​ថ្លៃ​ដើម​ទាប​បាន​លក់​ម្សៅមី​ក្នុង​តម្លៃ​ ១,៣០ ​បាត​ក្នុង​មួយ​គីឡូក្រាម ដោយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នាំ​ចេញ និង​កសិករ​ថៃ​ជាច្រើន​។
លោក Boonchai បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​រំពឹង​ថា​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បញ្ចប់​ការ​ធ្លាក់​ថ្លៃ​ដែល​កំពុង​ធ្លាក់​ចុះ​ដោយសារ​សម្ពាធ​ពី​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​»​។
លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​សមាគម​នឹង​ពិនិត្យ​តាមដាន​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ក្រុមហ៊ុន​នាំ​ចេញ​ដែល​រំលោភ​គោលការណ៍​ណែនាំ​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​ព្រមាន​ហើយ​អាច​ប្រឈម​នឹង​ការ​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​ម្សៅមី​របស់​ថៃ​ទៀត​ផង​។
សមាគម​ទាំង​នេះ​ក៏​បាន​ស្នើសុំ​ឲ្យ​មាន​ការ​អង្កេត​ឲ្យ​កាន់តែ​តឹងរ៉ឹង​ថែម​ទៀត​នៅ​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រត់ពន្ធ​ម្សៅមី​ចេញ​ពី​ប្រទេស​ជិត​ខាង​។ ការ​រត់​ពន្ធ​ខុស​ច្បាប់​នេះ​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ផ្គត់ផ្គង់​ដែល​នឹង​ធ្វើឲ្យ​តម្លៃ​ជួប​​បញ្ហា​ធ្លាក់​ចុះ​។
ប្រទេស​ថៃ​ផលិត​ដំឡូងមី​ចំនួន​ពី​ ៣០ ទៅ​ ៣២ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ ​ដំឡូងមី​ភាគច្រើន​ត្រូវ​បាន​ផលិត​ចេញ​ជា​ម្សៅមី ចំណិត​ដំឡូងមី និង​ផលិតផល​ផ្សេង​ទៀត​សម្រាប់​នាំ​ចេញ​។ បច្ចុប្បន្ន​ការ​នាំ​ចេញ​មាន​ទំហំ​សរុប​ពី​ ៥ ​ទៅ​ ៧ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​គិត​ជា​សាច់ប្រាក់​មាន​ចំនួន​ ១០០ ​ទៅ​ ១២០ ​លាន​បាត​។
លោក Boonchai មាន​ប្រសាសន៍​ថា​ការ​នាំ​ចេញ​ម្សៅមី​ថៃ​អាច​នឹង​កើនឡើង​ ១០ ​ភាគរយ​ក្នុង​ឆ្នាំ​នេះ​ដល់​ ៦,៥ ​លាន​តោន​៕
·   0

កសិករ ម្រេច​កំពត​ប្រឈម​នឹង​បញ្ហា​ទីផ្សារ

កំពតៈ កសិករ​ដាំ​ម្រេច GI កំពត ដែលមាន​ដើមទុន​តិចតួច​កំពុង​ប្រឈម​នឹង​ការលក់​ចេញ ខណៈ​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្រាប់​នាំចេញ ក៏បាន​ពង្រីក​ការ​វិនិយោគ​លើ​ការដាំដុះ​ម្រេច​ផ្ទាល់ខ្លួន​ផងដែរ​ដោយបាន​កាត់​បន្ថយ​ការទិញ​ពី​កសិករ​។ នេះ​បើ​យោងតាម​អ្នករកស៊ី​នៅក្នុង​ឧស្សាហ​កម្មនេះ ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​។
លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត (KPPA) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នេះ​គឺជា​បញ្ហា​ប្រឈម​ផ្សេងទៀត​នៅក្នុង​វិស័យ​នេះ ខណៈ KPPA កំពុង​ជម្នះ​នឹង​ផលិតផល​ក្លែងក្លាយ​នៅលើ​ទីផ្សារ​។
លោក​ថ្លែងថា មក​ដល់​ពេល​នេះ ម្រេច​បាន​សល់​នៅក្នុង​ស្ដុក​ប្រហែល ​៣០​ តោន ជា​លើក​ដំបូង​ហើយ​ក្នុង​ឧស្សាហ​កម្មនេះ​។
​លោក​លើក​ឡើង​ថា​៖ «​វា​ជា​លើក​ដំបូង​ដែល​គ្រាប់​ម្រេច​របស់​យើង​នៅសល់​នៅ​ក្នុង​ស្ដុក ជាធម្មតា​ស្ដុក​របស់​យើង​អស់​ហើយ​នៅ​អំឡុង​ពេល​នេះ វា​មិនមែន​ជា​បញ្ហា​ដោយ​សារ​តម្រូវការ​ទីផ្សារ ឬ​ការ​ចំណាយ​របស់​វា​នោះទេ​»​។
លោក​បន្ថែម​ថា នេះ​ដោយ​សារ​តែ​អ្នកទិញ​មាន​ម្រេច​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​កាត់​បន្ថយ​ការទិញ​ពី​កសិករ​។
លោក​ថ្លែងថា​៖ «​វា​ជា​បញ្ហា​មួយ​សម្រាប់​សមាគម នៅ​ពេល​ក្រុមហ៊ុន​វេច​ខ្ចប់​ក្នុងស្រុក​របស់​យើង ​[​អ្នកទិញ​] គិត​អំពី​ផលិតផល​គេ​ជា​មុន​នោះ​»​។
យោង​តាម​លោក ងួន ឡាយ KPPA លក់​ម្រេច​បាន ​៤៥​ តោន​ប៉ុណ្ណោះ​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំនេះ ក្នុង​ចំណោម​ម្រេច​មានគុណ​ភាព​ខ្ពស់​ ៨០ ​តោន​។
លោក​ឡាយ បញ្ជាក់​ថា តម្លៃ​ម្រេច​នៅតែ​រក្សា​ក្នុង​តម្លៃ​ ១៥​ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ម្រេចខ្មៅ ២៥​ដុល្លារ​សម្រាប់​ម្រេច​ក្រហម និង​ ២៨​ ដុល្លារ សម្រាប់​ម្រេចស​។
លោក​បន្ត​ថា ម្រេច GI កំពត រកបាន​ប្រាក់​ចំណូល​ប្រហែល​ ១​ លាន​ដុល្លារ​ប្រចាំឆ្នាំ​។ បច្ចុប្បន្ន​ សមាជិក​រប​ស់ KPPA បាន​កើន​ឡើង​ដល់​ ៣៨៧ ​គ្រួសារ ហើយ​ធ្វើ​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​វេច​ខ្ចប់​ក្នុងស្រុក​ចំនួន​ ២១ សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។
ការ​ដាំដុះ​ម្រេច​កំពត​របស់​សមាជិក KPPA សរុប​បាន​កើន​ឡើង​ដល់ ២១០,៤ ​ហិកតា ក្នុង​ចំណោម​នោះ​ផ្ទៃដី​ ១០០ ​ហិកតា ​ត្រូវបាន​ត្រៀម​រួច​រាល់​ក្នុង​ការ​ប្រមូល​ផល​។
ប៉ុន្តែ ខណៈ​ម្រេច​កំពត​ដែល​ទទួល​បាន​ឋានៈ GI ពេញ​និយម ហើយ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​នៅក្នុង​ទីផ្សារ​អន្តរជាតិ លោក ឡាយ ឲ្យ​ដឹង​ថា ចង្វាក់​ផ្គត់ផ្គង់​នៅ​តែ​កើន​ឡើង​ខ្លាំង ខណៈ KPPA កំពុង​ស្វែងរក​ដៃគូ​បញ្ជា​ទិញ​ថ្មី​។
លោក​ថ្លែង​ថា​៖ «​នៅ​ពេល​នេះ​ទើប​យើង​ដឹងថា នេះ​ជា​ចំណុច​ខ្សោយ​របស់​យើង នៅ​ពេល​នេះ​យើង​កំពុង​ស្វែងរក​ដៃគូ​ថ្មី​សម្រាប់​ការ​វេច​ខ្ចប់ និង​ការ​នាំ​ចេញ​»​។
កសិករ ប៉ិត សំអឿន ដែល​បាន​ដាំ​ដុះ​ម្រេច​អស់​រយៈពេល ​២០ ​ឆ្នាំ លើ​ផ្ទៃដី​កន្លះ​ហិកតា​បាន​ឲ្យ​ដឹងថា នេះ​គឺជា​ឆ្នាំ​ដំបូង​ដែល​លោក​ប្រឈម​នឹង​បញ្ហា​លក់​ចេញ​។
លោក​ថ្លែង​ថា​៖ «​ជាធម្មតា ខ្ញុំ​បញ្ចប់​ការលក់​ម្រេច​របស់ខ្ញុំ​ទាំង​អស់​បន្ទាប់ពី​ការ​ប្រមូល​ផល​ប្រហែល​ជា​នៅ​ខែមិថុនា នេះ​គឺជា​លើក​ដំបូង​ដែល​ម្រេច​របស់​ខ្ញុំ​លក់​មិន​ចេញ​»​។
លោក​បន្តថា​៖«​ខ្ញុំ​កំពុង​បារម្ភ​អំពី​ប្រាក់ចំណូល​របស់​គ្រួសារ​ខ្ញុំ ប្រសិន​បើ​សមាគម​មិន​អាច​ស្វែងរក​ដៃគូ​ថ្មី​បាន​»​។ លោក ប៉ិត សំអឿន ប្រមូល​ម្រេច​បាន​ប្រហែល​ ៧០០​ គីឡូក្រាម​នៅ​ឆ្នាំ​នេះ​។
លោក ហ៊ឹម ពិសិដ្ឋ នាយក​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុន ខនហ្វីរេល ជា​ក្រុមហ៊ុន​ដៃគូ​ដ៏​ធំ​មួយ​ជាមួយ KPPA បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នៅ​តែ​រក្សា​ការទិញ​ពី​កសិករ ប៉ុន្តែ​គ្រាន់តែ​ក្នុង​បរិមាណ​មិន​ច្រើន​ដូច​មុន​។
លោក​ថ្លែងថា​៖«​យើង​ដឹងថា KPPA កំពុង​អន់​ចិត្ត​ជាមួយ​យើង ប៉ុន្តែ​ក្នុង​នាម​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម យើង​ចាំបាច់​ត្រូវ​គិត​អំពី​ប្រាក់​ចំណេញ​ជាមុន ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា យើង​បញ្ឈប់​ការ​ទិញ​ពី​ពួក​គេ​នោះ​ទេ​»​។
​លោក​បន្ត​ថា​៖ «​ទោះបីជា KPPA កំពុង​ស្វែងរក​ដៃគូ​ថ្មី វា​នឹង​មិន​ប៉ះពាល់​ដល់​ពួកយើង​ទេ ដោយសារ​យើង​កំពុង​រៀបចំ​ចង្វាក់​ផលិតកម្ម​របស់​យើង​ឲ្យ​រួចរាល់​ហើយ ហើយ​ពួកគេ​គួរតែរៀបចំ​ឲ្យ​បានល្អ​សម្រាប់​ចង្វាក់​ផ្គត់ផ្គង់​និង​ចាត់​វិធានការ​ឲ្យ​បាន​ទាន់​ពេល​វេលា​»​។
លោក​ស្រី សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​មិន​អាច​ជ្រៀត​ជ្រែក​ជាមួយ​ក្រុមហ៊ុន​ឯកជន​បាន​ទេ ដោយសារ​វា​ជាទី​ផ្សារ​សេរី ព្រោះ​ក្រសួង​បាន​ជួយ​រួច​ហើយ​ក្នុងការ​បង្កើត​ទីផ្សារ និង​កេរ្ដិ៍​ឈ្មោះ ដូច្នេះ​សមាគម​គួរតែ​វៃឆ្លាត​ក្នុងការ​ជ្រើសរើស​ដៃគូ​ត្រឹមត្រូវ​ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​ពួក​គេ​។
លោកស្រី​ថ្លែងថា​៖ «​ម្រេច​កំពត​ល្បីឈ្មោះ​រួចហើយ​នៅ​លើ​ទីផ្សារ វា​មិន​ពិបាក​ក្នុងការ​ស្វែងរក​ដៃគូ​ថ្មី​នោះទេ សមាគម​គួរតែ​វៃឆ្លាត​ក្នុង​រៀបចំ​យុទ្ធសាស្ដ្រ​ការពារ​អត្ថ​ប្រយោជន៍​ទាំង​មូល​»៕
·   0

រដ្ឋាភិបាល​បន្ត​ជំរុញ​តាម​ដាន​បញ្ហា​តម្លៃ​ស្រូវ

ភ្នំពេញៈ រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​បន្ត​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ឧស្សាហកម្ម​ស្រូវ អង្ករ​ដោយ​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​កម្រិត​ទាំង​អស់​ត្រូវ​ឃ្លាំ​មើល​ឲ្យ​បាន​ដិត​ដល់​លើ​បញ្ហា​នេះ ដើម្បី​ធានា​តម្លៃ​ស្រូវ​មិន​ឲ្យ​ក្រោម​តម្លៃ​ទីផ្សារ​។
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ម្សិលមិញ​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ដើម្បី​ពិភាក្សា​បញ្ហា​តម្លៃ​ស្រូវ ខណៈ​រដូវ​ប្រមូល​ផល​ធំ​នឹង​មក​ដល់​ចុង​ឆ្នាំ​។
ជា​លទ្ធផល​កិច្ច​ប្រជុំ​នេះ រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ឲ្យ​មន្ដ្រី​ខេត្ត​ត្រូវ​ចូល​អន្តរាគមន៍​នៅ​ឧស្សាហ​កម្ម​នេះ​ដើម្បី​លុប​បំបាត់​ការ​ក្រឡុក​តម្លៃ​ណា​មួយ​ពី​ឈ្មួញ​។
លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ​បាន​ឲ្យ​ដឹងថា កសិករ​តែង​តែ​ប្រឈម​នឹង​បញ្ហា​តម្លៃ​ស្រូវ​ទាប ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​ដើម្បី​ធានា​តម្លៃ​ស្រូវ​មិន​ឲ្យ​ក្រោម​តម្លៃ​ទីផ្សារ​។
លោក​បាន​ថ្លែង​ថា​៖ «​បញ្ហា​របស់​យើង​គឺថា នៅ​ពេល​ណា​រដូវ​ប្រមូល​ផល​មក​ដល់ តម្លៃ​ស្រូវ​តែង​តែ​ប្រឈម​នឹង​តម្លៃ​ទាប​»​។
លោក​បន្ថែម​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ និង​តម្លៃ​ដឹក​ជញ្ជូន​ក៏​ជា​បញ្ហា​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ទាប​ផង​ដែរ​។
ថ្មីៗ​នេះ ​រដ្ឋាភិបាល​បាន​ចាក់​បញ្ចូល​សាច់​ប្រាក់​ ២៣ ​លាន​ដុល្លារ​ទៅ​ក្នុង​កញ្ចប់​ដែល​មាន​ស្រាប់​ ២៧​ លាន​ដុល្លារ​ដែល​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​ស្រូវ​អង្ករ​កើន​ដល់ ​៥០ ​លាន​ដុល្លារ​។ កញ្ចប់​ថវិកា​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ ដែល​ចៀសវាង​ការ​ក្រឡុក​តម្លៃ​ពី​ឈ្មួញ​ដែល​តែង​កើត​ឡើង​ក្នុង​វិស័យ​នេះ​។
លោក​បាន​បន្ត​ថា​៖ «​អភិបាល និង​អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​អន្តរាគមន៍​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ដែល​មិន​ប្រក្រតី ដែល​កត្តា​ដ៏​សំខាន់​គឺថា អាជ្ញាធរ​ត្រូវ​តែ​តាម​ឲ្យ​ទាន់​តម្លៃ​ក្រុមហ៊ុន​ផលិត ឬ​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្នុង​ការ​ធានា​ការ​ទិញ​ស្រូវ​ស្មើភាព​សម្រាប់​កសិករ តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​នៃ​ការ​ដឹក​ជញ្ជូន ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​កាត់​បន្ថយ​តម្លៃ​ក្រៅ​ផ្លូវ​ការ​នៃ​ការ​ដឹក​ជញ្ជូន​»​។
លោក វង្សី វិស្សុត បញ្ជាក់​ថា ប្រទេស​កម្ពុជា​ ផលិត​ស្រូវ​លើស​តម្រូវ​ការ​ ៥​ លាន​តោន ដែល​តាម​ការ​ប៉ាន់​ប្រមាណ​បាន​ហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង ​យ៉ាង​ហោច​ណាស់​ ៣ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។
លោក​បន្ថែម​ថា រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា​ការ​ផលិត​ស្រូវ​នឹង​លើស​តម្រូវ​ការ​១០​លាន​តោន​ចាប់ពី​ឆ្នាំ ​២០១៧ ដល់​ឆ្នាំ​ ២០១៨​។
លោក​លើក​ឡើង​ថា​៖ «​នេះ​គឺជា​អន្តរាគមន៍​រយៈពេល​ខ្លី ដើម្បី​ធានា​ស្ថិរភាព​តម្លៃ​សម្រាប់​កសិករ ហើយ​រដ្ឋាភិបាល​នឹង​អនុវត្ត​ការ​អន្តរាគមន៍​រយៈពេល​វែង​ក្នុង​ពេល​ឆាប់ៗ បន្ទាប់ពី​ទទួល​បាន​កម្ចី​ថ្មី​ពី​ប្រទេស​ចិន ដើម្បី​បង្កើន​សមត្ថភាព​ឃ្លាំង​ស្ដុក និង​ឡស​ម្ងួ​ត ដែល​គ្រោង​នឹង​ដោះស្រាយ​បញ្ហា​ទាំងអស់​នៅ​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ​។
លោក​ស្រី ចាន់ សុផល លេខា​ប្រតិបត្តិ បណ្ដាញ​កសិករ និង​ទឹក បាន​ឲ្យ​ដឹង​ថា កន្លង​មក​រោង​ម៉ាស៊ីន​កិន​ស្រូវ​តែង​តែ​ក្រឡុក​ទីផ្សារ​តម្លៃ​ដែល​បង្ខំ​ឲ្យ​កសិករ​លក់​ស្រូវ​ក្នុង​តម្លៃ​ទាប​។
លោក​ស្រី​ថ្លែង​ថា​៖ «​យើង​ពិត​ជា​មិន​យល់​ពី​មូល​ហេតុ​ដែល​រោង​ម៉ាស៊ីន​កិន​ស្រូវ​បដិសេធ​ទិញ​ស្រូវ​ពី​ពួក​យើង​ខណៈ​ឈ្នួញ​បន្ត​ទិញ​ក្នុង​តម្លៃ​ទាប​»​។
ទោះបី​យ៉ាង​នេះ​ក្តី​លោក​ស្រី​បន្ថែម​ថា​៖ «​ទោះបី​ពេល​ដែល​យើង​មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ជាមួយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក៏ដោយ ក៏​យើង​នៅតែ​ប្រឈម​នឹង​តម្លៃ​ដឹក​ជញ្ជូន​ដែរ​»​។
លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ អង្ករ​ធំ​មួយ គឺ អេមរុ រ៉ាយស៍ ​(​ខេមបូឌា​) ស្វាគមន៍​វិធានការ​រដ្ឋាភិបាល​។
លោក​ថ្លែង​ថា​៖ «​វា​ជា​ទិសដៅ​ត្រឹម​ត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​របស់​វិស័យ​នេះ​ដើម្បី​ចៀស​ផុតពី​ទីផ្សារ​ដែល​មិន​ប្រក្រតី market failure»​។ លោក​ថ្លែងថា​៖ «​យើង​មិន​អាច​គ្រប់គ្រង​លើ​តម្លៃ​ស្រូវ​បានទេ ដោយ​សារ​តែ​វា​ផ្អែក​លើ​តម្រូវ​ការ​ទីផ្សារ និង​ការផ្គត់ផ្គង់​»​។
លោក​បន្ត​ថា​៖ «​យុទ្ធនាការ​នេះ​នឹង​ប្រសើរ​ជាង​កាលពី​ឆ្នាំមុន ដោយ​សារ​តែ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ ហើយ​ចាត់​វិធានការ​ចាប់ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ដល់​កម្រិត​ខេត្ត​»​។
លោក ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​រូប ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ការ​អន្តរាគមន៍​រប​ស់​រដ្ឋាភិបាល​គឺ​ល្អ​សម្រាប់​កសិករ​។
លោក​ថ្លែងថា​៖ «​វា​នឹង​រក្សា​តម្លៃ​ស្រូវ [​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​] ក្នុង​កម្រិត​គួរ​ឲ្យ​ចង់​បាន ព្រោះ​ការ​ប្រមូល​ផល​នៅ​រដូវ​តូច​នេះ​មិន​ច្រើន​ពេក​នោះទេ ហើយ​ជាធម្មតា​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​ក៏​នឹង​រីករាយ​ក្នុង​ការ​ចំណាយ​តិច​សម្រាប់​ទិញ​ស្រូវ​ផង​ដែរ​»៕
·   0

រដ្ឋាភិបាល​បាន​បន្ថែម​ ២៣ ​លាន​ដុល្លារ​សម្រាប់​វិស័យ​ស្រូវ​អង្ករ

ភ្នំពេញៈ ខណៈ​ទឹក​ប្រាក់ ​២៧​ លាន​ដុល្លារ ដែល​បាន​បញ្ចេញ​ដើម្បី​ជួយ​ធានា​តម្លៃ​ស្រូវ​កាលពី​ឆ្នាំទៅ​ត្រូវបាន​ប្រើប្រាស់​អស់​តែ ​៣,៥​ លាន​ដុល្លារ​នោះ រដ្ឋាភិបាល​បាន​សម្រេច​បន្ថែម​ទឹកប្រាក់​ ២៣​ លាន​ដុល្លារ​ទៀត​ទៅ​ក្នុង​កញ្ចប់​ថវិកា​នោះ ដែល​ធ្វើ​ឲ្យ​កញ្ចប់​មូលនិធិ​កើន​ដល់​ ៥០ ​លាន​ដុល្លារ ដោយ​រដ្ឋាភិបាល​អះអាង​ដើម្បី​ការពារ​ក្នុង​ករណី​ខ្វះ​ទុន​ក្នុង​វិស័យ​នេះ​។
មន្ដ្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ទោះបីជា​កម្ចី​ដែល​បានផ្តល់​កាលពី​ឆ្នាំទៅ​មាន​ចំនួន​តិចតួច​ក៏ដោយ ក៏​ពួកគេ​រំពឹង​ថា តម្រូវ​ការ​កម្ចី​នៅ​ឆ្នាំនេះ​នឹង​កាន់​តែ​ធំ ខណៈ​ប្រទេស​កម្ពុជា​សង្ឃឹម​ថា នឹង​នាំចេញ​អង្ករ​កាន់​តែ​ច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ​។
លោក​កៅ ថាច ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ (RDB) ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹងថា ការចាក់​បញ្ចូល​សាច់​ប្រាក់​ថ្មី​នេះ​គឺ​សម្រាប់​ការពារ​ការ​ខ្វះខាត​ថវិកា​ណា​មួយ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ខាង​មុខ​។
លោក​បាន​ថ្លែង​ថា​៖ «​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​អនុម័ត​ទឹក​ប្រាក់​២៣​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​បន្ថែម​លើ​កញ្ចប់​២៧​លាន​ដុល្លារ​សម្រាប់​ជួយ​ឧស្សាហកម្ម​ស្រូវ​អង្ករ​។ ថវិកា​ថ្មី​នេះ​គឺ​សម្រាប់​ការពារ​ក្នុង​ករណី​មិន​គ្រប់គ្រាន់​សម្រាប់រ​ដូ​វប្រ​មូល​ផល​បន្ទាប់​»​។
កាល​ពី​សប្ដាហ៍​មុន​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​នាំ​ចេញ​អង្ករ​១​លាន​តោន​ទៅ​ប្រទេស​បង់ក្លាដែស​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ ហើយ​ការ​នាំ​ចេញ​លើក​ដំបូង​ចំនួន​២៥០ ០០០​តោន​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ខែ​តុលា​ឆ្នាំ​នេះ​។
លោក​លើក​ឡើង​ថា​៖ «​ទោះ​បី​កាល​ពី​លើក​មុន​ប្រើប្រាស់​អស់​តែ​៣,៥​លាន​ដុល្លារ​ក៏ដោយ ក៏​វិស័យ​ឯកជន​នៅ​តែ​បញ្ជាក់​ថា ចំនួន​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​រដូវ​បន្ទាប់​នេះ​ទេ ហើយ​តម្រូវ​ការ​នឹង​កាន់​តែ​ខ្ពស់​ជាង​រដូវ​មុន​»​។
លោក ថាច ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កញ្ចប់​កម្ចី​ថ្មី​សម្រាប់​ទិញ​ស្រូវ​មិន​ត្រូវបាន​ប្រើប្រាស់​នៅ​ឡើយ​ទេ ហើយ​រំពឹងថា តម្រូវការ​នឹង​ចាប់ផ្ដើម​នៅ​ចុង​ខែ​សីហា​។
លោក​បាន​បញ្ជាក់ថា​៖ «​អត្រា​ការ​ប្រាក់​គឺ​ទាប​ជាង​ពីមុន​មាន​តែ​ ៥ ​ភាគរយ ប៉ុណ្ណោះ​នៃ​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​ក្នុង​លក្ខខណ្ឌ​ដូច​គ្នា​ពីមុន ដោយ​ផ្អែក​លើ​ស្រូវ​ក្នុង​ស្ដុក​ជា​វត្ថុ​បញ្ចាំ​»​។
​លោក តាំង ឈុងងី ប្រធាន​បច្ចេកទេស​និង​ទីផ្សារ LBN Angkar (Kampuchea) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពូជ​ស្រូវ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ការ​ប្រើ​ប្រាស់​កម្ចី​កាលពី​ឆ្នាំទៅ​មាន​កម្រិត​ទាប ដោយ​សារ​លក្ខខណ្ឌ​មិន​ទូលំ​ទូលាយ​។​
លោក​ថ្លែងថា​៖ «​លក្ខខណ្ឌ​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​កម្ចី​បានតែ​ជាមួយ​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​ធំៗ​តែប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​មាន​ដើមទុន​បន្តិច​បន្តួច​មិន​អាច​ទទួល​បាន​កម្ចី​នេះ​ទេ​»​។
លោក ភូ ពុយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា និង​ជា​អគ្គនាយក​ធនាគារ​ស្រូវ​បាន​បញ្ជាក់ថា ការ​ទទួល​កម្ចី​មាន​កម្រិត​ទាប វា​ពាក់ព័ន្ធ​នឹង​ចង្វាក់​នៃ​ការផលិត​អង្ករ​នៅក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​ទាំង​មូល​។
លោក​បន្តថា ឧស្សាហកម្ម​ស្រូវ​អង្ករ​មិន​គ្រាន់​តែ​ប្រឈម​នឹង​កង្វះ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រឈម​នឹង​សមត្ថភាព​ម៉ាស៊ីន​ស​ម្ងួ​ត ឃ្លាំង​ស្ដុក និង​ទីផ្សារ​ផងដែរ​។ ប៉ុន្តែ​លោក​មាន​សុទិដ្ឋិ​និយម​រោង ម៉ាស៊ីន​កិន​ស្រូវ​នឹង​រៀបចំ​ដំណើរការ​ប្រសើរ​ឡើង​វិញ ដើម្បី​ទទួល​បាន​កម្ចី​សម្រាប់​រដូវ​នៅ​ពេល​ខាង​មុខ​នេះ​។
លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​បាន​សិក្សា​តម្រូវការ​ទីផ្សារ និង​ការ​រៀបចំ​ល្អ​សម្រាប់​រដូវ​ខាងមុខ​បន្ទាប់ យើង​ជា​វិស័យ​ឯកជន កំពុង​រៀបចំ​ឲ្យ​បាន​ល្អ​នៅ​ពេល​នេះ ហើយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក៏​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ដាក់​ពាក្យ​សុំ​កម្ចី​ផង​ដែរ វា​នឹង​ស្ថិត​ក្នុង​តម្រូវ​ការ​ខ្ពស់​នៅ​ចុង​ឆ្នាំ​នេះ ដោយ​សារ​តែ​វា​ជា​រដូវ​ប្រមូល​ផល​ដ៏​ធំ​»​។
ទឹក​ប្រាក់​នេះ​ក៏​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដំណាំ​ពោត​ផង​ដែរ​ដែល​នៅ​ពេល​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ផ្តល់​កម្ចី​លើក​ដំបូង​ដល់​ក្រុមហ៊ុន​ទិញ​ពោត​២០​ម៉ឺន​ដុល្លារ​រួច​ហើយ ដោយ​ក្រុមហ៊ុន​បាន​ដាក់​តម្កល់​ពោត​ក្នុង​ស្តុក​ជា​វត្ថុ​បញ្ចាំ​ចំនួន ១ ៥០០​ តោន​។
ទោះបី​យ៉ាង​នេះ​ក្តី RDB មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​កម្ចី​នេះ​ទេ​៕
·   0

ដំណាំ​ល្មើ (ថៃ) កំពុងមាន​ការចាប់អារម្មណ៍ និង​តម្លៃ​ទីផ្សារ​ខ្ពស់ នៅ​កម្ពុជា

ខេត្តព្រះវិហារ ៖ ជួប​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន កាល​ព្រឹក​ថ្ងៃទី១៦ខែមីនា​ឆ្នាំ២០១៧នេះ លោក យឹ​ប ត្រាក់ អាយុ៥១ឆ្នាំ រស់នៅ​ភូមិ​ត្បែង ឃុំ​ត្បែ​សង្គម​ថ្មី ខេត្តព្រះវិហារ ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ដំណាំ​ហូប​ផ្លែ (ដែល​គេ​ហៅថា​ដើម​ល្មើ នៅ​ប្រទេស​ថៃ) បាន​សហការគ្នាជាមួយ ប្រជាកសិករ​ខ្មែរ នាំចូល​ដាំ​ណាំ​សាកល្បង លើ​ទំហំ​ដីចំការ១០ហិតា នៅ​ខេត្តព្រះវិហារ។

តាម​ការបញ្ជាក់​លោកពូ​ម្នាក់នេះ បាន​ទៅ​សិក្សា​បច្ចេកទេស​នៅ​ថៃ អស់​រយះពេល៣ថ្ងៃ​កន្លងមក គាត់​បាន​រៀបរាប់​ឲ្យ​ដឹងថា ដាំ​ណាំ​ផ្លែ​ល្មើ​នេះ ទទួលបាន​ទិន្នផល​ខ្ពស់ ងាយស្រួល​ថែទាំ និង​ដាំ​ក្នុង​រយះ៣ឆ្នាំ យើង​និង​ប្រមូល​ផល​បាន តែម្តង។
ក្រោយ​ទទួលបាន​ផល នៅ​ឆ្នាំ​ទី១ ក្នុង​មួយ​ដើម យើង​បាន២០គីឡូក្រាម និង​ឆ្នាំ​ទី២ គឺអាច​ទទួលបាន ៤០គីឡូក្រាម ហើយ​ទិន្នផល​នេះ ក្រុមហ៊ុន​ថៃ បាន​ធានា​ប្រមូល​ទិញយក​វិញ ពី​ប្រជាកសិករ ដោយបាន​ពង្រីក​ទីផ្សារ​អាស៊ាន​របស់ខ្លួន ចំនួន​ប្រាំ​ប្រទេស​ហើយ រួមមាន ប្រទេស​វៀតណាម ឡាវ កម្ពុជា ថៃ ព្រុយ​ណេ។

ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មាន​ចំណាប់អារម្មណ៍ ចង់​ទំនាក់ទំនង យក​ដំណាំ​នេះ ដាំ​ដុះ​បន្ត សូម​ទំនាក់ទំនង ជាមួយ​លោក យឹ​ប ត្រាក់ ប្រធាន​ចែកចាយ​តំណាង​ក្រុមហ៊ុន​ប្រទេស​ថៃ ប្រចាំ​ប្រទេស​កម្ពុជា តាមរយ:លេខ​ទូល​ស័ព្ទ ៖ ០៨៨៣៤៧៥៦០៥ , ០៧៧៧៨៩១៩៣ , ០៩៧៦៦០៣៨៩៨ , ០៩៦៦៥០៤៧៩៣ ៕
·   0

បច្ចេកទេសការដាំក្រូចពោធិសាត់

១-ការជ្រើសរើសពូជ
ជ្រើសរើសកូនប្ញដើម ណាដែលថ្លោសល្អ មិនយកដើម ដែលខ្ចីពេកប្ញចាស់ពេក ។
២-ការរៀបចំដី
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង ។ បន្តាប់មកកាប់រណ្តៅដែលមានទំហំ៨តឹក៨ជ្រុងជំរៅ៨តឹកនិងចន្លោះពីរណ្តៅ១ទៅ១ប្រ
វែង៣ម៉ែត្រទៅ ៥ម៉ែត្រ។
៣-ការដាំដុះ
យកកូនប្ញដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅដោយដាក់ ចំកណ្តាលរណ្តៅហើយស្រោចទឹក។
៤-ការប្រើជី
វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំក្រូចពោធិសាត់

ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់
  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ
លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
ខ. វិធីប្រើប្រាស់ជី​ PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
គ. វីធីប្រើជី PN​​ លើដំណាំដាំ ហើយ
        ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១
  • មេជី ២ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ២ គំរប
  • មេអ័រម៉ូន ២ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១ខែ ។
៥-ការថែទាំ
ស្រោចទឹក
បោចស្មៅ
គ្របរងដាំ
ពូនគល់
តាក់តែងមែក
ធ្វើរណ្តៅដាក់ជី
បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង
៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល២ឆ្នាំ អាចប្រមូលផលបានហើយ។
·   0

ខ្មែរ​សរីរាង្គ​ ទទួល​បាន​ស្តង់ដារ​សរីរាង្គ​កសិកម្ម​ពី​សហភាព​អឺរ៉ុប

ភ្នំពេញៈ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ GIZ សហករណ៍​កសិកម្ម ខ្មែរ​សរីរាង្គ ទទួល​បាន​ការ​បញ្ជាក់​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប​លើ​បន្លែ ផ្លែ​ឈើ​ស្រស់ នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់ GIZ កាល​ពី​ម្សិលមិញ​។
លោក ទែន រ៉ា ទីប្រឹក្សា​បច្ចេកទេស​ស្តង់ដារ​អង្គការ​អាល្លឺម៉ង់ GIZ បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា នេះ​គឺជា​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប ដំបូង​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដែល​ក្រុមហ៊ុន Khmer Organic Cooperative Co.,Ltd បាន​ទទួល​។
លោក​ថ្លែង​ថា​៖ «​នេះ​គឺជា​ លើក​ដំបូង​ក្នុង​ការ​ សហការ​ជាមួយ​ក្រុមហ៊ុន Khmer Organic ក្នុង​ការ​អភិវឌ្ឍ​គម្រោង​សរីរាង្គ​ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ស្បៀង​អាហារ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហើយ​ពេលនេះ​យើង​បាន​ទទួល​បាន​ការ​បញ្ជា​ក់​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប ដូច្នេះ​វា​គឺ​គំរូ​ដ៏​ល្អ​សម្រាប់​សហករណ៍​កសិកម្ម​ផ្សេង​ទៀត ​ក្នុង​ការ​រៀន​សូត្រ​ពី​ពួក​យើង​»​។
លោក​បាន​បន្ថែម​ថា បន្លែ និង​ផ្លែ​ឈើ​របស់​ក្រុមហ៊ុន​ប្រហែល​ជា​ ៥៨ ​ប្រភេទ​ត្រូវ​បាន​ទទួល​ស្គាល់​។
ក្រុមហ៊ុន Khmer Organic នៅ​ពេល​នេះ​កំពុង​ប្រតិបត្តិការ​កសិដ្ឋាន​បន្លែ និង​ផ្លែ​ឈើ​នៅ​ខេត្ត​ព្រះសីហនុ លើ​ផ្ទៃដី ២៤​ហិកតា​។
GIZ ដំណើរការ​គម្រោង​ស្ដង់ដារ​ពាណិជ្ជកម្ម​ស្បៀង​អាហារ​អាស៊ី​អាគ្នេយ៍ (SAFT) បាន​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​ឯកជន​សាធារណៈ​រួម​គ្នា​ (iPPP)​ ជាមួយ​ក្រុមហ៊ុន Khmer Organic Cooperative Co.,Ltd (KOC) ចាប់ពី​ខែ​កញ្ញា ​ឆ្នាំ​ ២០១៦ ដល់​ខែ ​កុម្ភៈ​ ឆ្នាំ​ ២០១៨ ក្នុង​ទំហំ​សរុប ១១២ ០០០ ​ដុល្លារ​៕
·   0