ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញបានរៀបចំកិច្ចប្រជុំមួយដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដើម្បីពិភាក្សាបញ្ហាតម្លៃស្រូវ ខណៈរដូវប្រមូលផលធំនឹងមកដល់ចុងឆ្នាំ។
ជាលទ្ធផលកិច្ចប្រជុំនេះ រដ្ឋាភិបាលបានសម្រេចចិត្តឲ្យមន្ដ្រីខេត្តត្រូវចូលអន្តរាគមន៍នៅឧស្សាហកម្មនេះដើម្បីលុបបំបាត់ការក្រឡុកតម្លៃណាមួយពីឈ្មួញ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំកិច្ចប្រជុំនេះបានឲ្យដឹងថា កសិករតែងតែប្រឈមនឹងបញ្ហាតម្លៃស្រូវទាប ដូច្នេះរដ្ឋាភិបាលត្រូវតែជួយដើម្បីធានាតម្លៃស្រូវមិនឲ្យក្រោមតម្លៃទីផ្សារ។
លោកបានថ្លែងថា៖ «បញ្ហារបស់យើងគឺថា នៅពេលណារដូវប្រមូលផលមកដល់ តម្លៃស្រូវតែងតែប្រឈមនឹងតម្លៃទាប»។
លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធ និងតម្លៃដឹកជញ្ជូនក៏ជាបញ្ហាធ្វើឲ្យតម្លៃស្រូវទាបផងដែរ។
ថ្មីៗនេះ រដ្ឋាភិបាលបានចាក់បញ្ចូលសាច់ប្រាក់ ២៣ លានដុល្លារទៅក្នុងកញ្ចប់ដែលមានស្រាប់ ២៧ លានដុល្លារដែលធ្វើឲ្យកញ្ចប់ថវិកាស្រូវអង្ករកើនដល់ ៥០ លានដុល្លារ។ កញ្ចប់ថវិកានេះត្រូវបានប្រើប្រាស់ក្នុងការផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ដែលចៀសវាងការក្រឡុកតម្លៃពីឈ្មួញដែលតែងកើតឡើងក្នុងវិស័យនេះ។
លោកបានបន្តថា៖ «អភិបាល និងអាជ្ញាធរខេត្តត្រូវតែអន្តរាគមន៍យ៉ាងសកម្មក្នុងទីផ្សារដែលមិនប្រក្រតី ដែលកត្តាដ៏សំខាន់គឺថា អាជ្ញាធរត្រូវតែតាមឲ្យទាន់តម្លៃក្រុមហ៊ុនផលិត ឬរោងម៉ាស៊ីនកិនស្រូវ ក្នុងការធានាការទិញស្រូវស្មើភាពសម្រាប់កសិករ តាមរយៈការផ្ដល់ជំនួយឧបត្ថម្ភនៃការដឹកជញ្ជូន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការកាត់បន្ថយតម្លៃក្រៅផ្លូវការនៃការដឹកជញ្ជូន»។
លោក វង្សី វិស្សុត បញ្ជាក់ថា ប្រទេសកម្ពុជា ផលិតស្រូវលើសតម្រូវការ ៥ លានតោន ដែលតាមការប៉ាន់ប្រមាណបានហូរចេញទៅប្រទេសជិតខាង យ៉ាងហោចណាស់ ៣ លានតោនក្នុងមួយឆ្នាំ។
លោកបន្ថែមថា រដ្ឋាភិបាលបានប៉ាន់ប្រមាណថាការផលិតស្រូវនឹងលើសតម្រូវការ១០លានតោនចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨។
លោកលើកឡើងថា៖ «នេះគឺជាអន្តរាគមន៍រយៈពេលខ្លី ដើម្បីធានាស្ថិរភាពតម្លៃសម្រាប់កសិករ ហើយរដ្ឋាភិបាលនឹងអនុវត្តការអន្តរាគមន៍រយៈពេលវែងក្នុងពេលឆាប់ៗ បន្ទាប់ពីទទួលបានកម្ចីថ្មីពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពឃ្លាំងស្ដុក និងឡសម្ងួត ដែលគ្រោងនឹងដោះស្រាយបញ្ហាទាំងអស់នៅក្នុងឧស្សាហកម្មស្រូវអង្ករក្នុងរយៈពេល៣ឆ្នាំក្រោយ។
លោកស្រី ចាន់ សុផល លេខាប្រតិបត្តិ បណ្ដាញកសិករ និងទឹក បានឲ្យដឹងថា កន្លងមករោងម៉ាស៊ីនកិនស្រូវតែងតែក្រឡុកទីផ្សារតម្លៃដែលបង្ខំឲ្យកសិករលក់ស្រូវក្នុងតម្លៃទាប។
លោកស្រីថ្លែងថា៖ «យើងពិតជាមិនយល់ពីមូលហេតុដែលរោងម៉ាស៊ីនកិនស្រូវបដិសេធទិញស្រូវពីពួកយើងខណៈឈ្នួញបន្តទិញក្នុងតម្លៃទាប»។
ទោះបីយ៉ាងនេះក្តីលោកស្រីបន្ថែមថា៖ «ទោះបីពេលដែលយើងមានកិច្ចព្រមព្រៀងណាមួយជាមួយរោងម៉ាស៊ីនកិនស្រូវក៏ដោយ ក៏យើងនៅតែប្រឈមនឹងតម្លៃដឹកជញ្ជូនដែរ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញ អង្ករធំមួយ គឺ អេមរុ រ៉ាយស៍ (ខេមបូឌា) ស្វាគមន៍វិធានការរដ្ឋាភិបាល។
លោកថ្លែងថា៖ «វាជាទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាពិតប្រាកដរបស់វិស័យនេះដើម្បីចៀសផុតពីទីផ្សារដែលមិនប្រក្រតី market failure»។ លោកថ្លែងថា៖ «យើងមិនអាចគ្រប់គ្រងលើតម្លៃស្រូវបានទេ ដោយសារតែវាផ្អែកលើតម្រូវការទីផ្សារ និងការផ្គត់ផ្គង់»។
លោកបន្តថា៖ «យុទ្ធនាការនេះនឹងប្រសើរជាងកាលពីឆ្នាំមុន ដោយសារតែភាគីពាក់ព័ន្ធទាំងអស់មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ ហើយចាត់វិធានការចាប់ពីអាជ្ញាធរក្នុងមូលដ្ឋានដល់កម្រិតខេត្ត»។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចមួយរូប ដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីម្សិលមិញបានឲ្យដឹងថា ការអន្តរាគមន៍របស់រដ្ឋាភិបាលគឺល្អសម្រាប់កសិករ។
លោកថ្លែងថា៖ «វានឹងរក្សាតម្លៃស្រូវ [នៅខែកញ្ញាខាងមុខនេះ] ក្នុងកម្រិតគួរឲ្យចង់បាន ព្រោះការប្រមូលផលនៅរដូវតូចនេះមិនច្រើនពេកនោះទេ ហើយជាធម្មតារោងម៉ាស៊ីនកិនស្រូវមួយចំនួនក៏នឹងរីករាយក្នុងការចំណាយតិចសម្រាប់ទិញស្រូវផងដែរ»៕